ព័ត៌មានជាតិ

រថយន្តលុចស៊ីស NX200t បុកម៉ូតូហុងដាឌ្រីម ជិះឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស

ភ្នំពេញៈ នាវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស ស្ថិតតាមបណ្ដោយផ្លូវ១១៨កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-8303 ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវ១១៨ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ម៉ូតូនោះក៏បានជិះឆ្លងកាត់ផ្លូវ២២១ ខណៈពេលដែលឆ្លង បាន ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក លុចស៊ីស NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6338 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២២១ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកចំពាក់កណ្ដាល ម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស បាក់ដងកាំបិត និងអ្នករួមដំណើររងរបួសបែកក្បាល រីឯម៉ូតូ បានរងការខូចខាតយ៉ាងដំណំ។ ចំណែក ឯរថយន្តបានរងការខូចខាតកាងផ្នែកខាងមុខ បន្ទាប់មកក៏មានរបស់អ្នកគ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកយកជនរងគ្រោះ ដែលជាអ្នករួមដំណើទៅសង្គ្រោះ និងជនរងគ្រោះ ដែលជាអ្នកបើកម៉ូតូត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់