ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Mazda រេចង្កូតឡើងខឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Mazda មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតឡើងខឿនផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក mazda ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM-1323 បើកបរតាមផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក្បែរស្ពានលេខ២ ក៏បានរេចង្កូតជ្រុលទៅបុកខឿនរួចបន្តល្បឿន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដីរងការខូចខាត ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស រងការខូចខាតតែរថយន្តបង្ក និងបង្គោលភ្លើងបំភ្លឺផ្លូវ ជាទ្រព្យសម្បត្តិមួយដើមតែប៉ុណ្ណោះ៕

មតិយោបល់