កណ្តាលៈ នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង១៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលអោយបោកផ្ទប់ដួលស្លាប់ក្នុងថ្លុកឈាម លើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ០៧-0៨ ស្ថិតក្នុងភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើមានរថយន្ត០១គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1591 សណ្តោងស៊ីមីរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-5374 បែកកង់ ចតនៅលើទ្រូងផ្លូវ រង់ចាំថៅកែយកកង់មកប្តូរ ក្នុងទិសដៅ ពីត្បូងទៅជើង (អ្នកបើកបររត់គេចខ្លួន) ។ នៅពេលនោះ ក៏មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AG-4210 បើកបរ ក្នុងទិសដៅ (ស្របគ្នា) បានមកបុកពីក្រោយរថយន្តពេញមួយទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។
អ្នកបើកម៉ូតូឈ្មោះ អុន សុខលាប ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុ ពិនិត្យនិង គូសដៅកន្លែងកើតហេតុ ។
រីឯសពត្រូវបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី ។
សន្និដ្ឋាន: ករណីខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន (ប្រើប្រាស់ល្បឿនលឿន ពេលមេឃងងត មិនបានពិនិត្យមើល ស្ថានភាពផ្លូវ និងឧបសគ្គនៅលើផ្លូវអោយបានច្បាស់លាស់) ទើបបណ្តាលអោយមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ។ ចំណែកអ្នកបើកបររថយន្ត មានការធ្វេសប្រហែស ពេលចតរថយន្ត ដាក់សញ្ញាសំគាល់បញ្ជាក់ថារថយន្តខូច មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទស ៕
មតិយោបល់