កំពង់ធំៈ ទំនាស់ដីធ្លីរាំរ៉ៃ រវាងលោកស្រី ម៉ែន សោភ័ណ ជាមួយនឹងប្រជាពលរដ្ឋ២ឃុំ គឺឃុំទ្រាល និងឃុំបារាយណ៍ ស្មើរនឹង៩ភូមិ លើផ្ទៃដីចំនួន៥,២៦៥ហិចតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានលោកស្រីប្តឹងជំទាស់ នឹងចេញដីការក្សាការពារ ដោយមិនឲ្យបុគ្គលណា ឈូសឆាយ អាស្រ័យផល និងជួល លក់ រួមទាំងធ្វើសកម្មភាពផ្សេងៗ លើផ្ទៃដីមានទំនាស់ ដែលដីកានេះ ចេញដោយលោក ហេង ចាន់ស៊ីបូរិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ អនុវត្តដីកាដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារងអមសាលាដំបូង តុលាការខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងសាលាឃុំបារាយណ៍។
សមាសភាពពាក់ព័ន្ធដែលបានចូលរួមស្តាប់ ក្នុងកិច្ចប្រកាសអនុវត្តដីការក្សាការពារមានភូមិ មេឃុំ និងអភិបាលរងស្រុកសរុប៤០នាក់ តាមការស្នើសុំឲ្យរបស់លោកស្រី ម៉ែន សោភ័ណ ដែលជាម្ចាស់បំណុលបានប្តឹងមិនឲ្យលោក ឡុញ ស៊ុយ រួមទាំងបុគ្គលផ្សេងៗធ្វើសកម្មភាពលើផ្ទៃដីដែលមានទំនាស់ទាំង៥,២៦៥ហិកតា លុះត្រាតែមានការចេញសាលក្រមជាស្ថាពរ តែកូនបណ្តឹង និងមេភូមិ មេឃុំអាចមានសិទ្ធិក្នុងការប្តឹងទាមទារ ឲ្យលុបចោល ឬកែសម្រួលដីការក្សាការពារនេះ ក្នុងនោះមានភូមិឈូក ភូមិនាងល្អ ភូមិត្នោត ភូមិប្រស្នាយ ភូមិរពាក់ពេន ភូមិអង្គនាង ភូមិភ្នៅ ភូមិនិងភូមិ ចតុលោក ស្ថិតក្នុងឃុំទ្រាល ជាបណ្តោះអាសន្ន តាមម្ចាស់បំណុលលោកស្រី ម៉ែន សោភ័ណ ដែលមានសិទ្ធិកាន់កាប់ប្រើប្រាស់។
លោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងស្រុកបារាយណ៍ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់ថា បញ្ហាដីនេះចំណុចខាងលើ គឺមានអ្នកគក់ជេ ដើររៀបចំដីឲ្យលោកស្រី ម៉ែន សោភ័ណ ក្រោយមកក៏បានធ្វើលិខិតកក់តម្លៃដីក្នុងមួយម្ចាស់១០ភាគរយ ដោយសន្យាចំនួន៣ខែ នឹងសងពួកគាត់ឲ្យគ្រប់ចំនួន តែរហូតមកដល់ពេលនេះ រយៈពេលជាង២ឆ្នាំ មកហើយក៏នៅតែលោកស្រី ម៉ែន សោភ័ណ មិនបានយកលុយមកសងថ្លៃដីដល់ពួកគាត់ទៀត ទើបពួកគាត់គិតថា ដីនេះបានផុតពីការសន្យារបស់លោកស្រី ម៉ែន សោភ័ណ ហើយក៏បានចាត់ចែងឈូសឆាយអាស្រ័យផល ដូចសព្វមួយដង។
លោក គឹម វាសនា មេធាវីការពារក្តីលោកស្រី ម៉ែន សោភ័ណ បានថ្លែងនៅក្នុងអង្គរប្រជុំថា រឿងរ៉ាវទាំងអស់ ត្រូវតែលើកយកមកដាក់លើតុនិយាយគ្នា ដើម្បីឲ្យជ្រះស្រឡះ តែបើទុកក្រោមតុ រឿងមិនចេះ និងមិនចប់ងាយនោះទេ ហើយការចេញដីការក្សាការពារបណ្តោះអាសន្ន នេះ គឺជាការបើកឱកាសឲ្យកូនបណ្តឹងចូលខ្លួនទៅដោះស្រាយជា មួយតុលាការនូវអ្វីដែលមានបំណងចង់ទាមទារ។
លោក ដួង សារ៉ន ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ បានថ្លែងថា ការចេញដីកានេះ គឺធ្វើឡើងតាមការទាមទារ របស់ដើមបណ្តឹង ដើម្បីរក្សាដីដែលមានទំនាស់មិនឲ្យមានការឈូសឆាយ ជួល លក់ ឲ្យបុគ្គលណា និងអាស្រ័យផលបណ្តោះអាសន្នតែបងប្អូនអាចទំនាក់ទំនងមកតុលការសុំលុប ឬកែសម្រួល៕
មតិយោបល់