ព័ត៌មានជាតិ

ឆេះផ្ទះលក់សម្ភារៈប្រើប្រាស់គ្រឿងជ័រ ខូចខាតមួយចំនួនធំ រួមទាំងលុយ ៦លានរៀល និង២០០ដុល្លារ

ភ្នំពេញ: មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅខាងក្រោយរោងចក្រកាត់ដេរឃ្យូអឹមអាយ (QMI) ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ខណ:ដែលផ្ទះលក់សម្ភារ:ប្រើប្រាស់គ្រឿងជ័រមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក ក្នុងពេលដែលម្ចាស់ពុំទាន់បើកទ្វារលក់នៅឡើយ ហើយករណីនេះត្រូវបាននគរបាលដាក់ការសង្ស័យថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។

តាមប្រភពព័តមាននៅកន្លែងកើតហេតបានឲ្យដឹងថា ផ្ទះខាងលើ មានម្ចាស់ឈ្មោះ អ៊ុង សុឃឿន និងប្រពន្ធឈ្មោះ ចយ ភីន ហើយនៅក្នុងផ្ទះមានដាក់លក់សម្ភារ:ប្រើប្រាស់គ្រឿងជ័រជាច្រើនមុខគិតជាទឹកប្រាក់ប្រហែល២៥,០០០ដុល្លារ។ ប៉ុន្តែដោយសារតែការពន្លត់ទាន់ពេលវេលាទើបធ្វើឲ្យសម្ភារ:ទាំងនោះខូចខាតមួយចំនួនធំ ឯមួយចំនួនទៀតនៅអាចដាក់លក់បន្តទៀតបាន។ មិនតែប៉ុណ្ណោះភ្លើងក៏បានឆេះប្រាក់អស់ចំនួន៦,០០០,០០០រៀល (ប្រាំមួយលានរៀល) និង២០០ដុល្លារ(ពីររយដុល្លារ)ផងដែរ។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុខណ:ដែលម្ចាស់ផ្ទះពុំទាន់បានបើកទ្វារលក់ដូរអីវ៉ាន់នៅឡើយ ស្រាប់តែអ្នកស្នាក់នៅទីនោះឃើញមានផ្សែងហុយ នៅផ្នែកខាងក្រោមចេញពីកន្លែងដាក់សម្ភារ:គ្រឿងជ័រនោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ពេលនោះបាននាំគ្នាស្រែកឆោឡោ ហើយម្ចាស់ផ្ទះរួមជាមួយប្រជាពលរដ្ឋជិតខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ចំណែកអាជ្ញាធរភូមិសង្កាត់ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅកាន់ទីនោះភ្លាមៗដែរ។

ប្រភពខាងលើបានប្រាប់ថា នគរបាលបានហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍មានរថយន្តពន្លត់របស់អង្គភាព៧១១ និងរថយន្តពន្លត់ដែលប្រចាំនៅសាលាខណ្ឌពោធិ៍សែនជ័យ បានបាញ់ទឹកពន្លត់អស់ ១ស៊ីទែន ទើបភ្លើងរលត់ទៅវិញទាំងស្រុង
ពុំបណ្ដាលឲ្យឆេះផ្ទះនោះទាំងស្រុង និងរាលដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីនេះត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី នៅកន្លែងលក់ដូរនោះហើយក៏បង្កឲ្យមានការឆាបឆេះបែបនេះតែម្ដង៕

មតិយោបល់