ព័ត៌មានជាតិ

ក្មេងស្ទាវពីរក្រុមជិះម៉ូតូធ្វើសកម្មភាព វាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យផ្អើលដល់កម្លាំងសមត្ថកិច្ច

ភ្នំពេញ: នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានករណីក្មេងស្ទាវ២ក្រុមជិះម៉ូតូធ្វើសកម្មភាព វាយគ្នាផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញក្មេងស្ទាវ១ក្រុមមានគ្នាបីនាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1T-0572 និងមួយគ្រឿងទៀត ម៉ាកវីននឺ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1JK-6225 បានជិះចេញពីក្លឹបកម្សាន្តមួយកន្លែង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅផ្លូវ២០០៤ ពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានជិះចូលទៅចាក់សាំង ។

ប៉ុន្តែមិនទាន់បានចាក់សាំងផង ស្រាប់តែមានក្មេងស្ទាវ១ក្រុមទៀតមានគ្នាច្រើននាកើ ជិះម៉ូតូជាង១០គ្រឿង ចូលមកធ្វើសកម្មភាព វាយតប់មកលើពួកគេ ហើយភ្លាមៗនោះពួកគេភ័យស្លន់ស្លោ ក៏ជិះម៉ូតូរត់គេចខ្លួនបានមួយគ្រឿង ។ ចំណែកម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀត ជិះគេចខ្លួនមិនរួចត្រូវបានក្មេងស្ទាវធ្វើសកម្មភាពនោះ វាយកម្ទេចរងការខូចខាត ។ បន្ទាប់មកក្មេងស្ទាវបង្កហេតុ បាននាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងនាំក្មេងរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់