ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

លី ម៉ារីណា ធ្វើឲ្យមន្ទិលរឿងអាស្រូវ កម្រើកឡើងជាថ្មី

ភ្នំពេញៈ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលអ្នកនាង លី ម៉ារីណា បង្ហាញមុខយ៉ាងគ្រឡឺម ក្នុងពិធីខួបកំណើតកាលពីយប់មិញ ព្រមជាមួយដែលអ្នកនាងបញ្ជាក់ថា ខ្លួនរស់នៅស្រុកខ្មែរ ប្រមាណជាងកន្លះឆ្នាំមកហើយ ដោយគ្មានវត្តមានរបស់ស្វាមី ព្រោះតែហេតុផលជំនួញ។ នេះ ជាការលើកឡើងដែលធ្វើរឿងពាក្យចចាមអារ៉ាម កាលពីគ្រាមុន ត្រូវគេគិតឡើងវិញ ដោយសារតែមុននេះបន្តិច គឺមានការបង្ហោះជាហូរហែររួចទៅហើយថា អ្នកនាងរៀបការជាមួយលោក សាត ចាន់ថន អាណិកជនអាមេរិក គ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។ ប៉ុន្តែការពិត គឺអ្នកនាងមានទំនាក់ទំនងជាមួយមន្ត្រីយោធាម្នាក់ និងសម្ងំរស់នៅតែស្រុកខ្មែរ ដោយមិនបានទៅរស់នៅអាមេរិក តាមស្វាមីនោះឡើយ។

ព័ត៌មានដែលបានសម្អុយនាគ្រានោះ បានបន្តថា មន្ត្រីយោធា គឺជាអ្នកផ្ចុងផ្ដើមឲ្យនាងសោយសុខ និងមានជីវភាពឡូយឆាយ ប៉ុន្តែអ្នកនាង ក៏ត្រូវរស់នៅលាក់មុខ មិនអាចប្រឡូកសិល្បៈ និងមិនអាចទៅណាមកណាដោយសេរីផងដែរ ដោយសារតែខ្លាចបក្ខពួករបស់ភរិយាដើមមន្ត្រីយោធានោះយារយី។ អញ្ចឹងហើយទើបការបង្ហាញមុខរបស់អ្នកនាង គឺជាការបញ្ចប់មន្ទិលដែលត្រូវគេចោទថា ស្ថិតក្នុងសភាពលាក់មុខឲ្យអស់មន្ទិល ប៉ុន្តែក៏ធ្វើឲ្យមានការលើកឡើងពាក់ព័ន្ធនឹងរឿងអាស្រូវកន្លងមកផងដែរ។ ជាពិសេស ក្នុងពេលអ្នកនាងបញ្ជាក់ថា ខ្លួន និងកូនប្រុស គឺបានរស់នៅស្រុកខ្មែរ យូរខែមកហើយ ដោយតាមទំនងនឹងមិនទៅរស់នៅអាមេរិកនោះផងទេ ទុកឲ្យលោក សាត ចាន់ថន ឡើងចុះមកលេង ឬអ្នកនាងយូរៗឡើងទៅកាន់ទីនោះម្ដងវិញ។

អ្នកនាង លី ម៉ារីណា បានបញ្ជាក់នៅចំពោះមុខអ្នកកាសែតថា អ្នកនាងអត់មានរឿងត្រូវខ្លាចអ្នកណាយារយីនោះទេ ហើយអ្នកនាង និងលោក សាត ចាន់ថន ក៏ពិតជាស្វាមីភរិយា ដែលបានរួមរស់ជាមួយគ្នាមិនដូចអ្វីដែលបានលើកឡើងនោះដែរ។ យ៉ាងណាមិញ អ្នកនាងបានអះអាងថា ខ្លួនស្ថិតនៅស្រុកខ្មែរ រយៈពេលយូរក្រែលមកហើយ បន្ទាប់ពីស្វាមីរបស់អ្នកនាង បានបើកជំនួញលក់ឡានឲ្យអ្នកនាងមើលការខុសត្រូវ ដែលមិនអាចឲ្យអ្នកនាងទៅរស់នៅអាមេរិក បានយូរដូចមុន។ អ្នកនាងបញ្ជាក់ថា ខ្លួន និងកូនប្រុស រស់នៅស្រុកខ្មែរ ភាគច្រើន ចំណែកស្វាមី គឺលោក សាត ចាន់ថន គឺជាអ្នកកុម្ម៉ង់រថយន្តពីអាមេរិក ចុះមកឲ្យអ្នកនាង និងយូរៗ ទើបជួបគ្នាម្ដង។

នេះជាការបង្ហាញខ្លួន ដោយកម្ររបស់អ្នកនាង លី ម៉ារីណា ដោយវត្តមានរបស់អ្នកនាង នៅក្នុងពិធីខួបកំណើតរបស់លោក បញ្ញា សិទ្ធិ កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន V-Frend បឹងត្របែក ត្រូវគេឃើញអ្នកនាងជិះរថយន្តទំនើប និងហ៊ឺហារដាច់ឆ្ងាយកាលពីអ្នកនាងរៀបការជាមួយលោក សាត ចាន់ថន ថ្មីៗ។ អ្នកនាង ត្រូវគេមើលឃើញថា តែងខ្លួន និងមានសាច់ឈាមស្រស់ថ្លា មិនចាញ់ក្រមុំនោះទេ បើទោះជាកូនប្រុសរបស់អ្នកនាងមានវ័យជាង១៨ខែទៅហើយ។

ការបង្ហាញខ្លួនរបស់នាង គឺជាការបិទបញ្ចប់ទាំងស្រុង ចំពោះអ្វីដែលបានសាយភាយថា អ្នកនាងខ្លាចរអារពីសុវត្ថិភាពរហូតរស់នៅលាក់មុខ។ ប៉ុន្តែ ក៏ធ្វើគេនឹកឃើញចំពោះការទម្លាយកន្លងមកដូចគ្នា ក្នុងពេលអ្នកនាងបញ្ជាក់ថា ខ្លួនរស់នៅស្រុកខ្មែរ ច្រើនខែមកហើយ ដោយមិនមានវត្តមានស្វាមី និងបានបើកជំនួញនាំចូលរថយន្តពីអាមេរិក យ៉ាងហ៊ឹកហ៊ាក់ ក្នុងពេលដែលលោក សាត ចាន់ថន ធ្លាប់បានបញ្ជាក់ថា លោកនៅអាមេរិក គ្រាន់តែមានជីវភាពសមញ្ញ និងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយប៉ុណ្ណោះ៕

photo_2016-06-10_08-27-581234photo_2016-06-10_08-27-55328photo_2016-06-10_08-28-00122photo_2016-06-09_23-48-44photo_2016-06-09_23-48-46photo_2016-06-09_23-48-48photo_2016-06-09_23-48-51photo_2016-06-09_23-48-53photo_2016-06-09_23-48-56photo_2016-06-09_23-48-58photo_2016-06-09_23-49-03photo_2016-06-09_23-49-09photo_2016-06-09_23-49-12photo_2016-06-09_23-49-22photo_2016-06-09_23-49-25photo_2016-06-09_23-49-27photo_2016-06-09_23-49-19photo_2016-06-09_23-49-30

មតិយោបល់