ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាព យកញញួរដែកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោលខេត្ដបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ(ញញួរ) មួយបានកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យ ០១នាក់ ឈ្មោះ ហម វីរ៉ាភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកញញួរដែកវាយទៅលើជនរងគ្រោះ ០១នាក់ ឈ្មោះ រុន ប៊ុនធឿន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិកកោះ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន ០៣ញញួរ ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសបែកក្បាល។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង័្សយខាងលើនិងដកហូតយកវត្ថុតាងរួមមានញញួរដែកផ្លែ និងដងដែកចំនួន ០១ ដែលជនសង័្សយប្រើសម្រាប់វាយជនរងគ្រោះ។ នៅកន្លែងសមត្ថកិច្ចជនសង័្សយបានសារភាពថា មូលហេតុដែលខ្លួនយកញញួរវាយទៅលើជនរងគ្រោះបែបនេះគឺដោយសារមានទំនាស់ពាក្យសំដីជាមួយគ្នា។

ករណីនេះ ជនរងគ្រោះត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង័្សយត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់