ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមសេ១២៥ ពីរគ្រឿងបុកគ្នាទាំងព្រឹក សំណាងល្អអ្នកបើកបររងរបួសស្រាលទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ មួយគ្រឿងបានបើកបរឆ្លងផ្លូវ ជាហេតុធ្វើឲ្យម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ មួយគ្រឿងទៀត បើកបរតាមផ្លូវត្រង់ទៅដល់វាក់គេចអត់ទាន់ ក៏បានបុកគ្នាផូង បណ្ដាលឲ្យដួលប្រាវ រងការខូចខាតទាំង២គ្រឿង ប៉ុន្តែជាសំណាងល្អអ្នកបើកបររងរបួសស្រាលទាំងសងខាង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT-4345 បើកបរឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AO-1077 បើកបរធ្វើដំណើរតាមផ្លូវត្រង់ ក្នុងទិសដៅពីលិចទៅកើត ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណ:ពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែវាក់គេចអត់ទាន់ ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំង២គ្រឿង រងការខូចខាតទាំងសងខាងតែម្ដង ។ ប៉ុន្តែជាសំណាងល្អ ដែលអ្នកបើកបរម៉ូតូទាំងសងខាង គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយក្រោយពេលកើតហេតុ កម្លាំងនគរបាលបានចុះទៅធ្វើការវាស់វែង និងឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង ៕

មតិយោបល់