ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តលុចស៊ីសNX200t បុកចូលផ្ទះប្រជាពលរដ្ឋ ដើមស្តៅ និងស្លាកប៉ាណូ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកទម្លុះដើមស្ដៅ និងបង្គោលស្លាកប៉ាណូ ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលម្ដុំក្បែរតារាងបាល់ទះ លី ហេង១៤៨ តាមបណ្ដោយផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីស NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-0567 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១៨០០ ពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុដែលជាផ្លូវកោងរថយន្តនោះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅខាងឆ្វេងទៅបុកទម្លុះចូលផ្ទះកាត់ដេរសំលៀកបំពាក់ និងជ្រុលទៅបុកដើមស្តៅមួយដើម ដែលនៅខាងមុខផ្ទះកើតហេតុបាក់ដាច់ចេញពីគល់។ មិនទាន់អស់ល្បឿនក៏បានបន្តទៅបុក បង្គោលស្លាកប៉ាណូបណ្តាលឲ្យដួលទ្រេត ចំណែករីឯផ្ទះកាត់ដេរសំលៀកបំពាក់នោះ បានរងការខូចខាតបាក់ទ្វារដែករូតមួយផ្ទាំង ទំហំប្រមាណ៨ម៉ែត្រគុណ៣ម៉ែត្រនិងបាក់ជញ្ជាំងថ្មមួយផ្ទាំង។ និងបណ្តាលឲ្យរងការខូចខាតសម្ភារៈនៅក្នុងផ្ទះមានដូចជា បាក់ទូរកញ្ចក់តាំងសំលៀកបំពាក់ចំនួន២ ម៉ូតូហុងដាស្កុបភីមួយគ្រឿង និងរថយន្តហាយលែនឌ័រមួយគ្រឿង ដែលឈប់ចតនៅខាងក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ ចំពោះរថយន្តបង្ករងការខូចខាតមួយកំណាត់ខាងមុខ តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់