បុរសម្នាក់យកកាំបិតប៉័ងតោទៅកាប់ដើមចេក ប៉ះចំខ្សែភ្លើងដាច់រហែក បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់
បាត់ដំបងៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១២និង៣០នាទី ស្ថិតនៅចំណុចក្រុមទី០២ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សឆក់ចរន្តអគ្គិសនី បណ្តាលអោយស្លាប់០១នាក់ ជនរងគ្រោះឈ្មោះ សាង ចាន់រី ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរធ្វើចំការ (ដាំជី) ។
តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះ បានអោយដឹងថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីជនរងគ្រោះ យកកាំបិតប៉័ងតោដងដែកទៅកាប់នឹងដើមចេក ដែលនៅជាប់មាត់ស្រះប៉ះចំខ្សែភ្លើងដាច់រហែក បណ្ដាលឱ្យឆក់ស្លាប់តែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ សាង ចាន់រី ពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់