ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកបវេល បង្រ្កាបករណីលួចកាច់សោកម៉ូតូ១ករណី ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ២នាក់

បាត់ដំបង: កាលពីថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី នៅចំណុចវត្តក្បាលថ្នល់ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងក្នុងអង្គភាព រួមសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមាន លោកវរសេនីយ៍ទោ សេង លុច ជាអធិការ និងកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យ បានអនុវត្តបង្រ្កាបឃាត់ខ្លួនមុខសញ្ញាចំនួន០២ នាក់ ក្នុងករណីលួចកាច់សោកម៉ូតូក្នុងបទល្មើសជាក់ស្តែងនាចំណុចខាងលើ ។

ជនសង្ស័យចំនួន០២នាក់នោះគឺ៖ ១-ឈ្មោះ ហាន យី ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
២-ឈ្មោះ ម៉ោង ផល្លាភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅក្រុម០៦ ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

នៅថ្ងៃកើតហេតុពួកគេបានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង (ម៉ូតូបំរើឱ្យបទ ល្មើស) ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB – 3943 ដោយទៅធ្វើសកម្ម ភាពកាច់សោកម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ 1X-4788 បន្ទាយមានជ័យ នៅចំណុចកើតហេតុខាងលើ ហើយបានជិះម៉ូតូម្នាក់០១គ្រឿងគេចខ្លួន ដែលម៉ូតូនេះជារបស់ជនរងគ្រោះឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីនៅភូមិ សាមគ្គីមានជ័យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិះមកទីអារាមខាងលើ ។ ភ្លាមៗសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស្ទាក់បង្រ្កាបបានតែម្តង ។

វត្ថុតាងដកហូរួមមាន៖ -ម៉ូតូចំនួន២គ្រឿង (០១គ្រឿងជារបស់ជនសង័្សយជិះធ្វើសកម្មភាព និងមួយគ្រឿងទៀត ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត អនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់