ព័ត៌មានជាតិ

រថយន្តម៉ាកសាំយ៉ុង១គ្រឿង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

ព្រះសីហនុ: នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ កើតឡើងដោយខ្លួនឯង គឺរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3860 ជារថយន្តរត់ឈ្នួល បើកបរដោយឈ្មោះ ជា សុខន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិព្រែកពង ឃុំតាំងស្សា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទិសដៅពីភ្នំពេញ-ខេត្តសីហនុ ។ ក្នុងរថយន្តមានគ្នាចំនួន១០នាក់ ក្នុងនោះមានស្ត្រីម្នាក់រងរបួស ឈ្មោះ ធឿន រិន អាយុ ៤២ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងល្វា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ នាំអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនីតិវិធី ៕

មតិយោបល់