ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យម្នាក់ខឹងប្រពន្ធ ដកកាំភ្លើងបាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន

កណ្តាល: នៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ត្រង់ចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០២នាក់៖ ១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន) ។ ២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ) ។

ជនសង្ស័យ០១នាក់៖ ឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅថាច (មានសារធាតុញៀន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ រស់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សម្បក កាទូសចំនួន០២ ។
២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១។
៣-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ ។
៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 ។

ផលប៉ះពាល់ខូចខាត៖ រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វារមុខ ខាងស្ដាំ ០១គ្រាប់ ។ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់ ។

សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ផ្នែកជំនាញបានទទួលព័ត៌មានពីប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធី ។

ចម្លើយសារភាពថា ខ្លួនបានបាញ់ចំនួន០៤គ្រាប់ ត្រូវរថយន្ត០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ ។ មូលហេតុខឹងប្រពន្ធ (បឋម) ជំនាញកំពុងបន្តនីតិវិធី ៕

មតិយោបល់