ព័ត៌មានជាតិ

រថយន្តព្រូសបើកឆ្លងផ្លូវ បុកជាមួយម៉ូតូហុងដាស្កុបពី បណ្ដាលឲ្យរងរបួស ២នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តម៉ាក តូយ៉ូតាព្រូស ១គ្រឿង បានបើកបរឆ្លងផ្លូវហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាក ហុងដាស្កុបពី ១គ្រឿង ជិះគ្នា ២នាក់ បណ្ដាលឲ្យដួលហើយអ្នកជិះម៉ូតូទាំង ២នាក់ នោះរងរបួស បន្ទាប់មកត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តូយ៉ូតាព្រូស ១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BC-3091 បើកបរចេញពីសាលាពេទ្យយោធាក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JL-2712 ជិះគ្នា២នាក់ប្រុសម្នាក់និងស្រីម្នាក់ ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យម៉ូតូដួលបោកផ្ទប់ថ្នល់រងរបួសទាំង ២នាក់ ហើយម៉ូតូបានរងការខូចខាត ចំណែករថយន្តក៏បានរងការខូចខាតខ្ទេចមុខចំហៀងខាងឆ្វេងផងដែរ។ ក្រោយពេលកើតហេតុអ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅសម្រួលចរាចរណ៍មិនឲ្យកកស្ទះ រួចយកថ្នាំពណ៌បាញ់គំនូសទីតាំងគ្រោះថ្នាក់ព្រមទាំងនាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់