ព័ត៌មានជាតិ

ស្រ្តីម្នាក់បើករថយន្តPrius ប៉ះទង្គិចគ្នាជាមួយហ៊ីយ៉ាន់ដាយ ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តPrius បើកបរប៉ះទង្គិចជាមួយរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកPrius មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BG-4146 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ កែងនឹងផ្លូវ៣៥៨ បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែលជាង២០ឆ្នាំ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ខណ:មេឃកំពុងតែធ្លាក់ភ្លៀងផងនោះ មានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ក៏បានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាក Prius ខ្ទាតជ្រុលទៅបុកបង្គោលភ្លើងខ្ទេចផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យស្រ្តីម្នាក់ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំង កន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នានៅនឹងកន្លែងកើតហេតុ ។

បើករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ភាគីទាំងពីរចរចាមិនត្រូវគ្នានោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកជាបណ្តោះអាស្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ នាពេលក្រោយបន្តទៀត ៕

មតិយោបល់