ព័ត៌មានជាតិ

ម៉ូតូបើកវ៉ាជែងទាក់ដៃចង្កូតគ្នា ដួលខ្ទាតចូលរថយន្តកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

តាកែវ: នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ១៥ នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧២-៧៣ ក្នុងភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1K.0608 បើកបរដោយឈ្មោះ រិន រ៉ៃយ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិដើមដូង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរកម្មករ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ សួន ស៊ីណង ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ទាំងពីរនាក់មានពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងត្បូង ។

លុះបើកបរមកដល់ចំណុចខាងលើ បានឡើងវ៉ាម៉ូតូមួយគ្រឿង ដែលបើកបរទិសដៅស្របទិសគ្នា រួចក៏ទាក់ដៃចង្កូត បណ្តាលឲ្យម៉ូតូដែលវ៉ាជែងខាងលើនោះ ដួលខ្ទាតចូលរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពោធិ៍សាត់ 3A.1474 បើកបរដោយឈ្មោះ រស់ សុខ: ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរបើកបររថយន្ត (គ្មានរបួស) ដែលបើកបរមកពីទិសខាងត្បូង បណ្តាលឲ្យកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។

អ្នករងរបួសត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើខូចខាតស្រាល ​​ហើយត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។ មូលហេតុម៉ូតូបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕

មតិយោបល់