ព័ត៌មានជាតិ

Update៖ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា កៀបមនុស្សជាប់ក្នុងកាប៊ីន មួយគ្រឿង ធ្លាក់ចូលប្រឡាយ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តធុនធំដឹកសសរគ្រឹះ បើកលឿន ជ្រុលទៅបុករថយន្តដឹកទំនិញ រួចបន្តទៅបុករថយន្តបែនដឹកដី កំពុងឈប់ចតស្ងៀត ផ្លោងក្រឡាប់ចូលទឹកប្រឡាយ រីឯរថយន្តដឹកទំនិញ កៀបជាប់អ្នកបើកបរក្នុងកាប៊ីន រងរបួសធ្ងន់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ មុខសាលាកូរ៉េ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ របួសធ្ងន់ធ្ងរ កៀបជាប់ក្នុងកាប៊ីនរថយន្ត គ្រាន់តែ ស្គាល់ឈ្មោះ អៀង លីហួ ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែកកូនស្រីម្នាក់ទៀត រួមដំណើរជាមួយ រងរបួសស្រាល ត្រូវបាន ខាងក្រុមហ៊ុនឡាន ដឹកយកទៅផ្ទះបាត់ ។

ភាគីរថយន្តបែនដឹកដី ម៉ាក ហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0213 អ្នកបើកបរ រត់គេចខ្លួនបាត់។ ភាគីរថយន្តដឹកសសរគ្រឹះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5967 អ្នកបើកបរគេចខ្លួនបាត់ ។
ចំណែករថយន្តដឹកទំនិញ ម៉ាក នីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1763 អ្នកបើកបរឈ្មោះ អៀង លីហួ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកទំនិញមួយគ្រឿង ពណ៌ខៀវ ធ្វើដំណើរពីកើតទៅលិច បត់ឆ្ពោះទៅត្បូងផុតហើយ ស្រាប់តែរថយន្តដឹកសសរគ្រឹះបេតុង មួយគ្រឿងផ្សេងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង បើកលឿនបោះពួយពីជើងទៅត្បូង ជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយ រួចរុញទៅបុក រថយន្តបែនដឹកដីពីក្រោយ បណ្តាលឲ្យ ផ្លោងរថយន្តដឹកដីក្រឡាប់ធ្លាក់ចូលប្រឡាយ ចំណែករថយន្តដឹកសសរគ្រឹះ និងរថយន្តដឹកទំនិញ អូសជាប់គ្នា បណ្តាលឲ្យកៀបជាប់អ្នកបើកបររថយន្តដឹកទំនិញ ក្នុងកាប៊ីន ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ យកជនរងគ្រោះចេញពីក្នុងកាប៊ីន រួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្តទាំង៣គ្រឿង សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ រួចស្ទូចលើកយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់