ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកុមារីកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ កើតឡើងនៅចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៦៧–១៦៨ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាកឡិចស៊ីស330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8648 បើកបរដោយឈ្មោះ ងឹន ច័ន្ទវិរះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ធ្វើចរាចរណ៍ពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកកុមារីកំពុងដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កុមារីរងគ្រោះមានឈ្មោះ សុខ សៀវហ្វុង ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងកន្ទួត ឃុំ បឹងកន្ទួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ (ស្លាប់) ។
ចំពោះសាកសពកុមារីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ។
ចំពោះរថយន្តសមត្ថកិច្ច បញ្ជូនមកការិយាល័យចរាចរណ៍ខេត្តពោធិ៍សាត់ ជាបណ្ដោះអាសន្នរងចាំការដោះស្រាយតាមនីតិវិធី ៕




មតិយោបល់