សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០០និង០៥នាទី កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី “ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស” (យកកាំបិតកាប់ម៉ូតូ) នៅចំណុចខាងជើង ឈាបនដ្ឋានវត្តស្វាយ ចម្ងាយ១៥ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីខាងលើនោះ បង្កឡើងដោយជនសង្ស័យ០២នាក់ រួមទាំងបក្ខពួក(គេចខ្លួន) បានរួមគ្នាធ្វើសកម្មភាព យកកាំបិតដាវ និងកាំបិតខ្វែវកាប់ទៅលើម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AD-២៣៨៣ លេខតួ+លេខម៉ាស៊ីន ៥៤២៨២៩៦ របស់ជនរងគ្រោះឈ្មោះ អាំង ប៊ុនថាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលឲ្យបែកក្បាលម៉ូតូខ្ទេច បែកបាក់អាវទាំងសងខាង បែកស្តុបក្រោយ ដាច់កាតាប៊ូពាក់ស្លាកលេខ ពីម៉ូតូ បែកបាក់កង់មុខ និងកាប់លើម៉ូតូ០១គ្រឿងទៀតម៉ាក EXCITER ពណ៌ខ្មៅក្រហម ស៊េរី២០១៦ ពាក់ស្លាកលេខ បាត់ដំបង ១AE-៧៤៩ លេខតួ ១៧១៤៩ លេខម៉ាស៊ីន ៤១២៥៦ របស់ជនរងគ្រោះឈ្មោះ ញួស វិឈិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យខូតខាតអាវម៉ូតូសងខាង កុងទ័រ ស្តុបមុខ ស្ទើរខូចខាតទាំងស្រុង ។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដដែល បន្ទាប់ពីទទួលបណ្តឹង និងបំភ្លឺសាក្សីរួច កម្លាំងក៏បានកំណត់អត្តសញ្ញាណជនសង្ស័យ ហើយនាំខ្លួនជនសង្ស័យខាងលើទាំងពីរនាក់ ជាបន្តបន្ទាប់យកមកសួរនាំ ។
ក្រោយពីសួរនាំ ជនសង្ស័យ ឈ្មោះ ឌ.វ.រ.យ បានឆ្លើយសារភាពថា ខ្លួនបានខឹងនឹងក្រុមជនរងគ្រោះដែលតែងតែឌឺដងដាក់ខ្លួន និងសង្សារ ហើយក៏បានបើកម៉ូតូឌុបបក្ខពួកទៅកាប់លើម៉ូតូជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យឈ្មោះ ពៅ សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមឌុបបក្ខពួក ប៉ុន្តែមិនបានកាប់ម៉ូតូជាមួយ និងបក្ខពួក (ដែលគេចខ្លួន) នោះទេ ។
វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន០២គ្រឿង ។ ធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕




មតិយោបល់