ព័ត៌មានជាតិ

ជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពឆក់ ២ករណីមួយភ្លែត តែចុងក្រោយភ្លាត់ស្នៀតចាប់បានម្នាក់ពលរដ្ឋវាយទ្រោមខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា ៤នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានរួចវាយទាត់ធាក់ម្នាក់ ១ដៃ ១ជើង រងរបួសទ្រោមខ្លួន ខណ:ពួកគេធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរមួយភ្លែត ២ដង។ ប៉ុន្តែលើកទី២មិនបានសម្រេច ព្រោះតែស្រ្តីរងគ្រោះប្រទាញប្រទង់បណ្ដាលឲ្យ ជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ រីឯបក្ខពួក៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណែកមួយករណីទៀតនៅផ្លូវជាតិលេខ៣ដូចគ្នា ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យរូបនេះរងរបួសយ៉ាងដំណំពុំអាចសួរនាំដឹងពីអត្តសញ្ញាណភ្លាមៗឡើយ ចំណែកជនរងគ្រោះក៏បានចាកចេញពីកន្លែងកើតហេតុភ្លាមៗទាំង២នាក់ផងដែរ។ ដោយជនរងគ្រោះទី១ឆក់បានសម្រេច ប៉ុន្តែជនរងគ្រោះទី២ឆក់មិនបានសម្រេចទើបយកកាបូបរបស់គាត់វិញ ហើយគាត់បាននិយាយប្រាប់គេឯងថា នៅក្នុងកាបូបរបស់គាត់នោះមានលុយជិត១ម៉ឺនរៀលតែប៉ុណ្ណោះគ្មានរបស់មានតម្លៃឬលុយច្រើនឡើយ។

ប្រភពដដែលបាននិយាយបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ជនរងគ្រោះទី១ ធ្វើដណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងទឹកដីសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណ:នោះក៏មានជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង តាមពីក្រោយឆក់បានសម្រេច។ ចំណែកជនរងគ្រោះទី២ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ដូចគ្នា តែក្នុងទិសដៅពីជើងទៅត្បូង ទឹកដីសង្កាត់កន្ទោក ខណ្ឌកំបូល លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូប ប៉ុន្តែពុំបានសម្រេចឡើយ ដោយស្រ្តីរងគ្រោះប្រទាញប្រទង់ដណ្ដើមយកបានវិញ។ ចំណែកជនសង្ស័យម្នាក់ភ្លាត់ស្នៀតដួល និងធ្លាក់ពីលើម៉ូតូប្រជាពលរដ្ឋដេញចាប់បានម្នាក់ ចំណែកបក្ខពួកជិះម៉ូតូរត់គេចបាត់ស្រមោល។

ប្រភពខាងលើបានរៀបរាប់បន្តទៀតថា ជនសង្ស័យដែលឆក់កាបូបលើកទី២នោះព្យាយាមរត់រហូតដល់ភូមិក្រាំងដូនទៃ សង្កាត់ចាមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវអ្នកភូមិចាប់បាន។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ និងនាំយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងស្វែងរកជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបន្ត៕

មតិយោបល់