ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចស្តុបផ្លូវបែកជាបួ​ន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នាវេលាម៉ោង ១២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Ford Ranger ស៊េរីទំនើប មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកូរ៉េ ដឹកមាន់មួយគ្រឿងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចស្តុបណតប៊្រីក តាមបណ្តោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកមាន់ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 3A-0824 បើកបរដោយបុរសម្នាក់ និងព្រូឡានជាច្រើននាក់ ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីក ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ បានបើកឆ្លងស្តុបចរាចរណ៍ ដល់ពាក់កណ្តាលផ្លូវ មានរថយន្តម៉ាក Ford Ranger ស៊េរីទំនើប មួយគ្រៀង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AW-8554 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវ២០០២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ស្តុបផ្លូវបែកជាបួន ជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ពេញទំហឹង រងការខូចខាត ។ ចំណែករថយន្ត Ford Ranger នោះវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់