ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ រវាងរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ
បើកបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកស្វាយ បណ្តាលឲ្យស្ត្រីជាជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុស-ស្រីចំនួន២២នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១២និង១០នាទីរំលោងអធ្រាតឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសេដា ឃុំវិហាសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តបង្ករហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាលេខភ្នំពេញ៣B ៨៦៣៨ ធុនធំមានដឹកទំនិញ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និងមានអ្នករួមដំណើរ២នាក់ទី១-ឈ្មោះ ធី ឌី ភេទប្រុស អាយុ១៨ឆ្នាំ និង២ឈ្មោះ ឌីន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ។ទាំង២នាក់ខាងលើនេះមានទីលំនៅក្នុងភូមិព្រែកស្នៀត ឃុំព្រែកស្នៀត ស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសស្រាល ។
ប្រភបដដែលបានបន្តថា រថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២U-៥២០៧ មានផ្ទុកផ្លែស្វាយពេញរថយន្តបើកបរដោយឈ្មោះ ទួន រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរដែលស្លាប់បាត់បង់មានឈ្មោះ ម៉េង ធាយ៉ុង ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម ។
ប្រភពដដែលបានបន្តទៀតថា អ្នករួមដំណើរជាមួយរថយន្តដឹកស្វាយដែលរងរបួសធ្ងន់មាន ១-ឈ្មោះ ជុយ ស្រីយាវ ភេទស្រី អាយុ១៨ឆ្នាំ ,២-ឈ្មោះ ហាក់ ហៀង ភេទប្រុស អាយុ២៨ឆ្នាំ ,៣-ឈ្មោះ ហៀង ធី ភេទប្រុស អាយុ៥ឆ្នាំ និងជនរងគ្រោះដែលរងរបួសស្រាលមានគ្នា១៧នាក់ ។ ជនរងគ្រោះ២១នាក់ជិះលើរថយន្តដឹកស្វាយមានទីលំនៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលចរាចរណ៍ស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស បានបើកបរយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុពុំដឹងជាមានរឿងអ្វីនោះទេ រថយន្តហ៊ីយ៉ាន់ដាយបានរេចង្កូតទៅខាងឆ្វេងដៃ បណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តដឹកស្វាយបើកបរបញ្ជ្រាសទិសគ្នាចំពីមុខពេញមួយទំហឹង ធ្វើឲ្យរថយន្តខូចខាតកាប៊ីនខាងមុខទាងសងខាង និងធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលតែម្តង ។
ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសយ៉ាងរណូក រណែលរួចមកអ្នកបើកបររថយន្តបង្ករហេតុបានចុះពីរថយន្តគេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅធ្វើការសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យប្រតិបត្តស្រុកខ្សាច់កណ្តាល និងមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោតឡែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកខ្សាច់កណ្តាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់