ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចម្រុះ បង្កា្របជនសង្ស័យជាង១០០នាក់ ពាក់ព័ន្ធករណីគ្រឿងញឿននិងល្បែងស៊ីសង

ភ្នំពេញ: នៅវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធទីតាំងមួយកន្លែងមានស្លាកយីហោ (អឹមអិល) ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ក្នុងនោះមានជនបរទេសផងដែរ ពាក់ព័ន្ធករណីគ្រឿងញៀន និងល្បែងស៊ីសង ស្ថិតតាមបណ្តោយផ្លូវប្រឡាយលូ ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងការិយាល័យមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមពីលោកអភិបាលនៃគណ:អភិបាលខណ្ឌចម្ការមនផងដែរ សមត្ថកិច្ច បានឃាត់ខ្លួនជនប្រុសស្រី១៣៤នាក់ ស្រី៥៨នាក់ និងកាំភ្លើងខ្លី២ដើម ដោយសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងល្បែងស៊ីសង នៅក្នុងទីតាំងអគារមួយកន្លែង មានស្លាកយីហោ (អឹមអិល) ករណីចុះបង្ក្រាបទីតាំងនេះ២លើកហើយ កន្លងមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបម្តងរួចមកហើយ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនោះ សមត្ថកិច្ចជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់