ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Ford Rapter មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូហុងដាឌ្រីម ឈប់លើចិញ្ចើមផ្លូវ ត្រង់ចំណុចស្តុប បណ្តាលឲ្យបុរសម្នាក់ ជាបុគ្គលិក Foodpanda រងរបួសបែកក្បាល ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបើកគេចត្រូវពលរដ្ឋដេញតាមស្ទាក់ចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក Ford Rapter មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា T.979899 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុរេចង្កូតជ្រុល បុកម៉ូតូហុងដាឌ្រីមសង់ មួយគ្រឿង ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JK-5308 បណ្តាលឲ្យបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូនអនឡាញ Foodpanda កំពុងឈប់នៅលើចិញ្ចើមផ្លូវ រងរបួសបែកក្បាល ។ បន្ទាប់មករថយន្តបង្កហេតុ បានបន្ថែមល្បឿនបើកគេចខ្លួន ចេញពីកន្លែងកើតហេតុ ត្រូវប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានបើករថយន្តដេញតាមស្ទាក់ចាប់បាន នៅត្រង់ចំណុចតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២២១ សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕





មតិយោបល់