ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីហិង្សាដោយចេតនាកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលបានបង្កឡើងរវាងជន ជាតិខ្មែរ និងជនជាតិវៀតណាម នៅចំណុចលោកតាក្បាលប្រាំ លើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលអោយជនជាតិវៀតណាម រងរបួសធ្ងន់ និងស្រាលចំនួន០៣ នាក់ ។
របាយការណ៍នគរបាលស្រុកកណ្តៀត បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានសហការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀងមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ធឿន ថុង ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះ ធឿន ធូ ភេទប្រុស អាយុ៣៨និង ៣-ឈ្មោះ គឹម វី ភេទប្រុស អាយុ៣៤ឆ្នាំ ។ ជនសង្ស័យទាំង៣នាក់ ប្រកបមុខរបរនេសាទជាជនជាតិខ្មែរ រស់នៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបានសាកសួរយកចម្លើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ (ខាងភាគីខ្មែរ) បានសារភាពថា ពួកគាត់ពិតជាបានវាយតប់ជាមួយភាគីជនជាតិវៀតណាមចំនួន០៣នាក់ (ដោយប្រើច្រវ៉ាទូក) វាយគ្នាទៅវិញទៅមកដូចគ្នា ហើយបណ្តាលឲ្យខាងភាគីវៀតណាម រងរបួសធ្ងន់ និងស្រាលចំនួន០៣នាក់ ដោយសារករណីនេសាទត្រី រាយ មងជាន់លើគ្នា (ភាគីវៀតណាមកាត់មងខាងភាគីខ្មែរ (ពួកគាត់) ។
សមត្ថកិច្ចនគរបាលបានស្នើសុំ ឯកឧត្តមព្រះរាជអាជ្ញាអបសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ រយៈពេល៤៨ ម៉ោង ដើម្បីបំពេញបែបបទតាមនីតិវីធីបន្ត ៕

មតិយោបល់