ព័ត៌មានជាតិ

កម្លាំងជំនាញចុះឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ឧត្តរមានជ័យ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩និង៣០នាទីព្រឹក ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកជាបន្តបន្ទាប់សរុបចំនួន០៤នាក់ ពីបទអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងដកហូតម៉ូតូ២គ្រឿង ( ម៉ាកហុងដាឌ្រីមសេរី ២០២១ ឡើងតែម២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកោះកុង 1C-8856 និងម៉ូតូម៉ាក EXCINTER ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ) មានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ ស៊ូន សៀវផាវ ហៅត្រា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ( ជាជនដៃដល់ ) ។ ២-ឈ្មោះ នាត ពន្លក ហៅ​ ពៅ ភេទ​ ប្រុស​ អាយុ​ ២៥​ ឆ្នាំ​ រស់នៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរជាងពិដាន​ ។ ៣-ឈ្មោះ ព្រឿន សំណាង​ ហៅ​ ណាង ភេទ​ ប្រុស អាយុ​ ២១​ ឆ្នាំ​ រ​ស់នៅភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ( ជាខ្លោង ) ។៤- ឈ្មោះ ឈឿម សុប៊ុន ហៅ​ ប៊ុន ភេទ​ ប្រុស​ អាយុ​ ២១​ ឆ្នាំ​ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង មុខរបរ​ មិនពិតប្រាកដ​ ។

ជនសង្ស័យ និងបក្ខពួកខាងលើនេះ បានធ្វើសកម្មភាពយកដំបងក្រលាស់វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ីម​ ចន្ថា​ ភេទប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅភូមិអូរគគីកណ្ដាល​ ឃុំលំទង​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​ មុខរបរ​ ជាងជួសជុលម៉ូតូ​ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង​ ១៧-១៥នាទី​ នៅចំណុចសួនមាត់បឹងអូរជីក​ ស្ថិតនៅភូមិថ្នល់កែង​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ បណ្ដាលឱ្យរងរបួលធ្ងន់ត្រង់ក្បាលបែកប្រវែង ៨ស.ម ដេរចំនួន០៨ថ្នេ​រ ។

ករណីខាងលើនេះ​ បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់