ព័ត៌មានជាតិ

Update៖ ករណីប្រទះឃើញរថយន្តបង្ក ត្រូវបានយកទៅផ្លុងចោល បន្ទាប់ពីបុកម៉ូតូ បណ្ដាលឲ្យមន្ត្រីប៉ូលិស និងជាងកាត់សក់ស្លាប់ នៅខណ្ឌទួលគោក

ភ្នំពេញ: នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះឃើញរថយន្តបង្ក ត្រូវបានយកទៅផ្លុងចោល ស្ថិតតាមបណ្ដោយផ្លូវ១៥៧ ក្នុងសង្កាត់អូរឡាពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ម្តុំស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីវេលាម៉ោង ៣និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧។

រថយន្តបង្កម៉ាក សឺដេស ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BF-8898 បើកបរដោយបុរសម្នាក់ បានបុកម៉ូតូស្កុបពីមួយគ្រឿងដាច់ជាពីរកំណាត់ បណ្ដាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ និងជាងកាត់សក់ម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរស ២នាក់ ជិះម៉ូតូស្កុបពី ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ពេលបើកបរមក ដល់ត្រង់ចំណុចកើតហេតុម្តុំស្តុបផ្សារដេប៉ូ ស្រាប់តែមានរថយន្ត ១គ្រឿងបើកបរមកយ៉ាងលឿន បានបុកម៉ូតូជនរងគ្រោះពេញទំហឹង ដាច់ចេញពីគ្នាជាពីរកំណាត់ បណ្តាលឲ្យស្លាប់ទាំង ២នាក់។

សូមបញ្ជាក់៖ ករណីនេះ ក្រោយបង្កហេតុភ្លាមៗ រថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ចេញពីកន្លែងកើតហេតុ រហូតមកដល់វេលាព្រឹកនេះទើបប្រទះឃើញ ។

បច្ចុប្បន្ន វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ នឹងនាំយករថយន្តខាងលើ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ នឹងបន្តស្វែងរកម្ចាស់មកផ្តន្ទាទោស ទៅតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់