ព័ត៌មានជាតិ

រថយន្តToyota Priusពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សរបួស និងខូចខាតទាំងសងខាង

ភ្នំពេញ: នាវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Toyota Prius ពីរគ្រឿង បើកបរបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ទីតាំងកើតហេតុ ស្ថិតតាមតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្ត Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BK-9503 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ មានរថយន្ត Toyota Prius មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-6610 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ហើយបានបើកឆ្លងផ្លូវ ស្រាប់តែរថយន្ត Prius ពណ៌ក្រហមបើកលឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យខ្ទាតឡើងខឿនចិញ្ចើមផ្លូវ រងការខូចខាត ទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឲ្យមានមនុស្ស រងរបួស ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់