ព័ត៌មានជាតិ

រលំផ្ទះ និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ខណៈភ្លៀងលាយខ្យល់កន្ត្រាក់

សៀមរាបៈ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩មិថុនា នៅខេត្តសៀមរាប បានជួបគ្រោះធម្មជាតិវាយប្រហារចំ បណ្តាលឲ្យរលំ និងប៉ើងផ្ទះប្រជាពលរដ្ឋអស់មួយចំនួន ក្នុងនោះបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ផងដែរ។

ហេតុការណ៍គ្រោះធម្មជាតិនេះ គឺកើតឡើងនៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៦ ក្នុងខេត្តសៀមរាប។

របាយការណ៍បានបន្ដថា នៅសង្កាត់នគរធំ ក្រុងសៀមរាបរបើកដំបូលផ្ទះចំនួន០១ខ្នង ដើមឈើនឹងមែកឈើបាក់មួយចំនួន។ នៅស្រុកពួក ឃុំរើល រលំផ្ទះចំនួន៤ខ្នង និងរបើកដំបូលផ្ទះចំនួន៦ខ្នង។ ឃុំល្វា ស្រុកពួក រលំផ្ទះចំនួន១ខ្នង និងប៉ើងដំបូលផ្ទះចំនួន៤ខ្នង (ខូចខាតសំភារៈ ជាច្រើន)។ ស្រុក អង្គរធំ ឃុំលាងដៃ រលំផ្ទះចំនួន១ខ្នង របើកដំបូលចំនួន២ខ្នង។ ឃុំជប់តាត្រាវ ស្រុកអង្គរធំ រលំផ្ទះចំនួន០១ខ្នង របើកដំបូលផ្ទះចំនួន០៣ខ្នង រន្ទះបាញ់ស្លាប់មនុស្សម្នាក់ឈ្មោះ រឹក គាន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិពងទឹក។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានបង្ហាញអាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២០-២៧ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអាចនឹងបង្កឲ្យមានជាជំនន់ទឹកភ្លៀងនៅរាជធានី ភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ក្នុងនោះ មានខេត្តសៀមរាប ផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ទាំងអស់គ្នាបន្ថែមទៀត៕

មតិយោបល់