ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នា ស្ថិតតាមបណ្តោយផ្លូវ១៦៩ កែងនឹងផ្លូវ១០២ ចំណុចក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក lexusnx200t ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BL-1629 បើកបរតាមបណ្តោយផ្លូវ១០២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួន បម្រុងបើកឆ្លងទៅផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តបង្កម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7675 បើកបរចេញពីផ្លូវ១៦៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណ:ពេលមកដល់ចំណុចកើតហេតុស្តុប ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្ត lexusnx200t ចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅកល់និងខឿនផ្លូវ រងការខូចខាតផ្នែកចំហៀងខាងស្តាំយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសង ខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កម៉ាក តូយូតា ព្រូស ព្រមសងទៅលើរថយន្តម៉ាក lexus NX200t ក្នុងថ្លៃជួសជុលបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់