ព័ត៌មានជាតិ

រថយន្តដឹកទំនិញ បុកពីក្រោយរថយន្តដឹករថយន្ដក្រុមហ៊ុន FORD ស៊េរីឆ្នាំ២០២៣ រងការខូចខាតមួយគ្រឿង

ភ្នំពេញ: នាវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីរថយន្តដឹកទំនិញបុកពីក្រោយរថយន្តដឹករថយន្ត របស់ក្រុមហ៊ុន FORD ដែលធ្វើដំណើរស្របទិសដៅគ្នាបណ្ដាលឲ្យរងការខូចខាត ស្ថិតតាមផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តសណ្តោងដឹករថយន្ដរបស់ក្រុមហ៊ុន FORD មួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9441 ដឹករថយន្ដ FORD ស៊េរីឆ្នាំ២០២៣ ចំនួន ៥គ្រឿងចេញពីក្រុងប៉ោយប៉ែតបំណងយកទៅដាក់នៅឯព្រែកហូរ។ ដោយបើកតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្តុបកើតហេតុក៏បានបន្ថយល្បឿន ខណ:ពេលនោះស្រាប់តែមានរថយន្តសណ្តោងដឹកទំនិញមួយគ្រឿងម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8189 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាតាមពីរថយន្ដរបស់ក្រុមហ៊ុន FORD និងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយ បណ្ដាលឲ្យបែកចង្កៀងខាងក្រោយចំហៀងខាងឆ្វេងនិងបុកត្រូវរថយន្ត FORDRANGER ស៊េរីឆ្នាំ២០២៣មួយគ្រឿង ដែលនៅលើរថយន្តសណ្តោងបណ្ដាលឲ្យក្រពឹតផ្នែកខាងក្រោយ ចំណែកឯរថយន្តសណ្តោងដឹកទំនិញបានរងការខូចខាតក្រពឹតកាងខាងមុខ។

ក្រោយពេលកើតហេតុភាគីទាំងពីរក៏ចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តសណ្តោងដឹកទំនិញ ព្រមចេញថ្លៃជួលឲ្យទៅខាងក្រុមហ៊ុន FORD ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់