ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Toyota Prius បុកម៉ូតូមួយគ្រឿង ខ្ទាតទៅប៉ះរទេះលក់នំប៉័ង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង០១និង២០នាទីយប់ រំលងអធ្រាត្រថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿង ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ឈប់ចតលើចិញ្ចើមផ្លូវ បានខ្ទាតទៅបុករទេះលក់នំប៉័ងដាក់សាច់ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុប DN តាមបណ្តោយផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ហើយរថយន្តបើកគេចខ្លួន ត្រូវពលរដ្ឋស្ទាក់ឃាត់បាន នៅស្តុបនាងគង្ហីង តាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្ត Toyota Prius មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AJ-5116 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ មានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ ពេលមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1Z-8299 ចតនៅលើចិញ្ចើម ម្ចាស់ចូលទៅទិញនំប៉័ងដាក់សាច់ និងខ្ទាតទៅបុករទេះលក់នំប៉័ងដាក់សាច់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុ ពេលនោះប្រជាពលរដ្ឋ បានជិះដេញតាមពីក្រោយរហូតស្ទាក់ឃាត់បាន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់