ព័ត៌មានជាតិ

ម្ចាស់ស្រវឹងស្រា បើករថយន្តព្រូស បុករបាំងថ្មពុះចែកទ្រូងផ្លូវច្រកចូលផ្លូវក្រោមដី ស្ពានអាកាស៥មករា រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវច្រកចូលផ្លូវក្រោមដីស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8161 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវច្រកចូលផ្លូវក្រោមដី បណ្តាលឲ្យបាក់អស់មួយផ្ទាំង ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់