ព័ត៌មានជាតិ

រថយន្តកុងតឺន័រ២គ្រឿងកៀរគ្នា រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ សំណាងមិនមានមនុស្សរងរបួស

ភ្នំពេញ: រថយន្តដឹកទូកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកជែងរថយន្ត១គ្រឿងទៀតម៉ាក FUSO ដែលដឹកកុងតឺន័រដូចគ្នា ប៉ុន្តែរថយន្ត FUSO មិនឲ្យវ៉ា ទើបកៀរគ្នា បណ្ដាលឲ្យរថយន្តហ៊ីយ៉ាន់ដាយ រេចង្កូតជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ទៅមុខលែងរួចតែម្ដង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើហេតុ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3586 ដឹកទូកុងតឺន័រ បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលោដល់ត្រង់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តដឹកកុងតឺន័រដូចគ្នា១គ្រឿងទៀតម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G-1357 ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ណេលនោះរថយន្ត FUSO សង្ស័យមិនឲ្យវ៉ា និងងាកមកឆ្វេងដៃទើបបណ្ដាលឲ្យកៀរគ្នា ហើយរថយន្តហ៊ីយ៉ានដាយបានរេចង្កូត បុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទាំងកម្រោលទៅមុខលែងរួចតែម្ដង ។ ខណ:នោះរថយន្តFUSO ពុំបានឈប់ឡើយនិងបានបន្ថែមល្បឿនកាន់តែលឿនគេចខ្លួន ហើយភ្លាមៗនោះអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានសុំដោយសាររថយន្ត ដែលនៅក្បែរនោះជិះដេញតាម ។ រហូតដល់ម្តុំផែរស្ងួត ដែលនៅក្បែរោងចក្រស្បែកជើង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ទើបឃាត់បាន និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកនាំរថយន្តទៅកន្លែងកើតហេតុវិញ ដើម្បីធ្វើការដោះស្រាយគ្នាតាមសន្តិវិធី ៕

មតិយោបល់