ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ករណីលួចកាំមេរ៉ាសុវត្ថិភាព លក់យកលុយទិញសារធាតុញៀនប្រើប្រាស់

ភ្នំពេញៈ យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ករណីលួចកាំមេរ៉ាសុវត្ថិភាព នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨-១០- ២០២២ ម៉ោង២២ និង២៧នាទី ។

ជនរងគ្រោះឈ្មោះ ធូយ ថាវី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ឈន ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ស្នាក់នៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ កាលពីខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានដាក់កាំមេរ៉ាសុវត្ថិភាព នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ លុះមកដល់ថ្ងៃទី០៨-១០- ២០២២ ម៉ោង២២ និង២៧នាទី ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ឈ្មោះ ឈន ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ ជិះកង់០១គ្រឿង មកធ្វើសកម្មភាពលួចកាត់កាំមេរ៉ាសុវត្ថិភាពរបស់ជនរងគ្រោះ រួចយកទៅលក់អោយជនសង្ស័យមិនស្គាល់ឈ្មោះ ភេទប្រុស អាយុ៣៩ឆ្នាំ នៅម្ដុំភូមិព្រែកធំ១ សង្កាត់ក្បាលកោះ បានលុយចំនួន ៤០០០០រៀល យកទៅស៊ីចាយ និងជក់ថ្នាំញៀនអស់ រួចនាំគ្នាគេចខ្លួន ។

រហូតមកដល់ថ្ងៃទី១២.១០.២០២២ វេលម៉ោង២០និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈន ពន្លក នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ ។ ចំណែកជនសង្ស័យឈ្មោះ ក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ គេចខ្លួនបាត់ ។
លទ្ធផលធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ៕

មតិយោបល់