ព័ត៌មានជាតិ

របួស​ធ្ងន់​ស្រាល​៤​នាក់​ក្នុង​ករណី​ស្រវឹងស្រា​បើករថយន្ត​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ហើយ​ជ្រុល​ទៅ​បុក​របង​ដីឡូត៍​មួយ​កន្លែង​ទៀត​

​ភ្នំពេញ ៖​យុវជន​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បាន​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​គេច​រថយន្ត​មួយគ្រឿង​ទៀត​ក៏​បាន​ជ្រុល​ទៅ​បុក​ទម្លុះ​របង​ដី​ឡូត៍​ផ្ទះ​អ្នក​គ្រូបង្រៀន​ម្នាក់​បណ្តាលឱ្យ​រថយន្ត​វិល​មួយ​ជុំ រងរបួស​ធ្ងន់​ស្រាល​ទាំង​អ្នកបើក​រថយន្ត​និង​មនុស្ស​ប្រុស​-​ស្រី​៣​នាក់ ទៀត​ដែល​រួម​ដំណើរ​ជា​មួយ​ក្នុង​រថយន្ត​នោះ ចំណែក​រថយន្ត​រង​ការខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី ២៧ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ដីឡូត៍​មួយ​កន្លែង ជាប់​នឹង​ផ្លូប​បេតុង​ដីថ្មី ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ឈ្មោះ ពន្លឺ វិរៈ​ឧត្ថម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកបើករថយន្ត​បង្ក រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ​រូបគេ​បាន​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​ម្តុំ​ពោធិ៍ចិនតុង ជាមួយ​បងប្អូន​៣​នាក់​ទៀត ពេល​បញ្ចប់​ការផឹកស៊ី​ហើយ​នោះ​រូបគេ​រួមជាមួយ​និង បងប្អូន​៣​នាក់​ទៀត (​ប្រុស​២​នាក់​-​ស្រី​ម្នាក់​) បាន​ឡើង​លើ​រថយន្ត​ដើម្បី​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​បេតុង​ដី​ថ្មី ក្នុងទិសដៅ ពី​លិច​ទៅ​កើត​ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​វ៉ាក់​អើ​ជាមួយ​រថយន្ត​មួយគ្រឿ​ង​ទៀត ពេល​នោះ​រូបគេ​បាន​ប្រឹង​ទាញ​ចង្កូត កុំឱ្យ​ប៉ះ​គ្នា បែ​ជា​ជ្រុល​ចង្កូត​ទៅ​បុក​ទម្លុះ​របង​ដីឡូត៍​ផ្ទះ​អ្នក​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​សន្តិភាព ឈ្មោះ​អ៊ុក ម៉ា​រី អាយុ​៥១​ឆ្នាំ បណ្តាល​ឱ្យ​របង​ផ្ទះ​និង​ទ្វា​បាក់បែក ចំណែក​រថយន្ត​បាន​វិល​មួយ​ជុំ​ខូចខាត​មួយ​កំណាត់​មុខ​ទាំង​ស្រុង និង​បណ្តាលឱ្យ រងរបួស​នារី​ម្នាក់​ធ្ងន់ និង​បុរស​បី​នាក់​ទៀត​រងរបួស​ស្រាល​។​

​ដោយឡែក​បើ​តាម​ស្ត្រី​ជា​ម្ចាស់​របង​ដី​ឡូត៍​ខាងលើ​បាន​ឱ្យដឹងថា ពេល​កើតហេតុ​គឺ​គាត់​កំពុង​សម្រាន្ត​លង់លក់​ក្នុងផ្ទះ​ស្រាប់តែ​ឮសូ​សម្លេង​ផាំង ហើយ​គាត់​ក៏​បាន​ចេញ​មក​មើល ទើប​ដឹងថា​មាន​រថយន្ត​បុក​របង​ផ្ទះ​របស់​គាត់ ។ ពេលនោះ​គេ​ឃើញ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​មកដល់​កន្លែងកើតហេតុ ហើយ​ស្ត្រី​ម្ចាស់​របង​ដែល​រង​ការខូខខាត​បានទាមទា​រ​សំណងចំនួន​៣០០​ដុល្លារ ដើម្បី​ធ្វើការ​ជួសជុល​របង​ឡើងវិញ ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក៏​យល់ព្រម​សង​សំណង​ចំនួន​៣០០​ដុល្លារ​ទៅ​ម្ចាស់​របង​ផ្ទះ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​ធ្វើ​ការជួសជុល​ព្រោះ​បាន​ដោះស្រាយ​សំណង​ជាមួយ​ម្ចាស់​របង​នៅ​និង​កន្លែងកើតហេតុ​រួចស្រេច​អស់ហើយ៕

2014-08-28_102309

មតិយោបល់