ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័រនិងម៉ូតូ PassApp បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល2-6618 និងម៉ូតូ PassApp មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GR-5365 បើកបរបុកគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣០ និងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខនគរបាល 2-6618 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ កែងនឹងផ្លូវលេខ១៩៩ ។ ពេលមកដល់ត្រង់ចំណុចកើតហេតុ កន្លែងផ្លូវបែកជាបួន បានបុក គ្នាជាមួយនឹងម៉ូតូ PassApp មួយគ្រឿងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ PassApp ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តក៏បានរងការខូចខាតខ្ទេចផ្នែកខាងមុខផងដែរ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នារកដំណោះស្រាយ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង កើតហេតុ ។

បើភាគីខាងលើ ធ្វើការចរចាមិនត្រូវរ៉ូគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តនិងម៉ូតូ PassApp ទាំងពីរគ្រឿង នេះទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរង់ចាំធ្វើការដោះនាពេលក្រោយទៅតាមនីតិវិធីផ្លូវ ច្បាប់បន្តទៀត ៕

មតិយោបល់