ព័ត៌មានជាតិ

ម៉ូតូដឹកសាច់ជ្រូកពន្លះជាមួយម៉ូតូ សណ្ដោងរ៉ឺម៉កកំពុងឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ: ម៉ូតូម៉ាកហុដាឌ្រីមសេ១២៥ មួយគ្រឿង ដឹកសាច់ជ្រូកបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកជាមួយម៉ូតូសាន់កម្លាំង១៥០ សេសេ សណ្ដោងរ៉ឺម៉ក១គ្រឿងចំពីមុខពេញទំហឹង ក្នុងខណ:ពេលកំពុងរ៉ឺម៉កនោះបត់ឆ្លងផ្លូវ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូ លក់សាច់ជ្រូកខាងលើរងរបួស ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HR-0072 ដឹកសាច់ជ្រូកបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក កំពុងបើកឆ្លងផ្លូវ ហើយគេចចេញអត់ទាន់ក៏បានបុកគ្នា ចំពីមុខពេញទំហឹងតែម្ដង ។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះបានបណ្ដាលឲ្យម៉ូតូដួលកំពប់សាច់ជ្រូកមកដី ចំណែកបុរសអ្នកបើកបរម៉ូតូ ដឹកសាច់ជ្រូលរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កំបូលបានចុះទៅកាន់ទីនោះ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលខណ្ឌកំបូល ចុះធ្វើការវាស់វែងនិងនាំយកយានយន្តទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយ ៕

មតិយោបល់