ព័ត៌មានជាតិ

ប៉ូលិសនាំខ្លួនម្ចាស់ហាង «រតនៈរចនាម៉ូដ» មកចង្អុលបង្ហាញទីតាំង ក្រោយវាយអ្នករត់កង់បីបាក់ដៃ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News មកថា នៅខណៈនេះកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនម្ចាស់ថៅកែហាង «រតនៈរចនាម៉ូដ» មកបង្ហាញទីតាំង ដែលថៅកែរូបនេះបានធ្វើសកម្មភាពវាយទៅលើបុរសវ័យចំណាស់ជាអ្នករត់រ៉ឺម៉កកង់បី បណ្តាលឲ្យបាក់ដៃ គ្រាន់តែរឿងទំនាស់ចតកង់បីនៅមុខហាងរបស់ខ្លួននោះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានឲ្យថៅកែហាងនេះ ចង្អុលបបង្ហាញទីតាំង និងធ្វើត្រាប់ពីសកម្មភាព ដែលគាត់វាយលើជនរងគ្រោះ។ ក្នុងពេលនេះដែរ ក៏បានធ្វើឲ្យមានការកកស្ទះចរាចរណ៍ ដោយសារមានមនុស្សម្នាចោមរោមមើលច្រើន និងខ្លះមានទឹកមុខបញ្ចេញកំហឹងលើថៅកែរូបនេះផងដែរ។

គួរបញ្ជាក់ផងដែថា ជនដៃដល់ជាម្ចាស់ហាង «រតនៈរចនាម៉ូដ» ដែលបានប្រើហិង្សាវាយទៅលើតារត់ម៉ូតូកង់រហូតបាក់ដៃនោះ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃម្សិលមិញ។

នាយឧត្តមសេនីយ៍ស្នងការលោក ជួន សុវណ្ណ បានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃនេះ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់រូបនេះទៅចង្អុលបង្ហាញនៅកន្លែងកើតហេតុ ដែលខ្លួនបានធ្វើសកម្មភាព។ ជនដៃដល់ជាថៅកែហាងនេះមានឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានី លោក តី វិសាល បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពហើយថា ខ្លួនពិតជាបានវាយជនរងគ្រោះរហូតបាក់ដៃមែន ក្រោយឈ្លោះគ្នារឿងចតម៉ូតូកង់បីមុខហាង។

តាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា បុរសវ័យចំណាស់រត់កង់បីម្នាក់ ត្រូវបានម្ចាស់ផ្ទះរតនៈរចនាម៉ូត វាយបាក់ដៃឆ្វេង ដោយគ្រាន់តែឈប់មុខផ្ទះដើម្បីរង់ចាំម៉ូយបន្តិច ដោយហេតុការណ៍នេះ បានកើតឡើងនៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង១១យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

បើតាមសម្តីបុរសជាម្ចាស់កង់បី ដែលបាក់ដៃបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គាត់បានឈប់មុខផ្ទះខាងលើ ដើម្បីរង់ចាំឌុបម៉ូយ លុះឈប់បានបន្តិចក៏ម្ចាស់ហាង បានបើកឡានមួយគ្រឿងមិនស្គាល់ម៉ាក មកដល់ហើយបានប្រាប់ឲ្យគាត់យកកង់បីចេញពីមុខផ្ទះភ្លាមៗ គាត់រៀបនឹងបណ្តើរកង់បីចេញហើយ តែបណ្តើរមិនទាន់ផង ក៏បុរសជាម្ចាស់ផ្ទះរូបនោះ បានបើកទ្វារផ្ទះរួចយកឈើជ្រុងវាយគាត់ បណ្តាលឲ្យបាក់ដៃឆ្វេងតែម្តង។

ថៅកែហាងរូបនេះ ត្រូវបានមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

https://youtu.be/p7zQKDYUpvE

ថៅកែហាងរចនាម៉ូដ (8)ថៅកែហាងរចនាម៉ូដ (9)ថៅកែហាងរចនាម៉ូដ (2)ថៅកែហាងរចនាម៉ូដ (3)ថៅកែហាងរចនាម៉ូដ (4)ថៅកែហាងរចនាម៉ូដ (5)ថៅកែហាងរចនាម៉ូដ (6)ថៅកែហាងរចនាម៉ូដ (7)

មតិយោបល់