ភ្នំពេញៈ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានប្រកាសថា ក្រសួងក្រោម ការផ្ដល់ជំនួយ របស់ក្រុមហ៊ុនទូរស័ព្ទស្មាត នឹងផ្ដល់អាហារូបករណ៍ដល់សិស្ស ប្រលងជាប់បាក់ឌុបនិទ្ទេស A និង B ដែលមានជីវភាពក្រីក្រ ចំនួន៣០កន្លែង ដោយការផ្ដល់ជូននេះ គឺក្រុមហ៊ុនស្មាត ជាអ្នករាប់រង ទាំងស្រុងលើថ្លៃសាលា និងប្រាក់ប្រចាំខែពេញ រយៈពេល៥ឆ្នាំ ដោយមានតម្លៃស្មើនឹង ១៥០០០ដុល្លារសម្រាប់មួយចប់ការសិក្សា នៅព្រឹកថ្ងៃទី២៥ សីហានេះ ។
លោកបានថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខា រវាងក្រសួងអប់រំ និងក្រុមហ៊ុនស្មាត ក្នុងកិច្ចសហការ លើការផ្ដល់ អាហារូបករណ៍ មិនធ្លាប់មានសម្រាប់ឆ្នាំនេះ។ លោកហង់ ជួនណារ៉ុន ថ្លែងថាសម្រាប់សិស្សជាប់បាក់ឌុបនៅក្នុងឆ្នាំនេះ ឲ្យតែដឹងថាខ្លួនឯង ទទួលបាននិទ្ទេសA និង B សូមធ្វើការដាក់ពាក្យស្នើ សុំអាហារូបករណ៍ មកកាន់ក្រសួង និងទៅកាន់ក្រុមហ៊ុនស្មាត ឲ្យបានរួសរាន់តាមរយៈវេបសាយ របស់ក្រសួង និងរបស់ក្រុមហ៊ុនស្មាត ឬមកទំនាក់ទំនង ដោយផ្ទាល់ដើម្បីទទួលបាន កញ្ចប់ប្រាក់១៥០០០ដុល្លារ សម្រាប់មួយចប់កម្មវិធី លើការសិក្សារបស់ខ្លួន។
លោកបន្តទៀតថា ក្រសួងក្រោមការផ្ដល់ ទុនរបស់ក្រុមហ៊ុនស្មាត នឹងធ្វើការជ្រើសរើស សិស្សដែលបានប្រលងជាប់ ឲ្យទទួលឱកាសនេះ ចំនួន៣០នាក់ ប៉ុន្តែមិនមែនផ្ដល់ឲ្យទាំងអស់ សម្រាប់សិស្សជាប់បាក់ឌុប នៅក្នុងឆ្នាំនេះទេ គឺផ្ដល់ឲ្យតែ១០នាក់ប៉ុណ្ណោះ សម្រាប់អ្នកជាប់ ក្នុងពេលបន្តិចទៀត នឹងឆ្នាំក្រោយៗចំនួន១០នាក់ៗ បន្តបន្ទាប់។ ហើយ អាហារូបករណ៍នេះ នឹងផ្ដល់អាទិភាព ចំពោះសិស្សដែលជាប់និទ្ទេស A និង B ណាដែលមានជីវភាពខ្វះខាត និងរស់នៅបណ្ដាខេត្តឆ្ងាយ ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំមកកាន់ក្រសួង ឬទៅកាន់ក្រុមហ៊ុន ស្មាតទាំងអស់ ។ ក្នុងនោះសិស្សដែលបានជាប់ ក៏ត្រូវបង់អាហារូបករណ៍ ដែលបានផ្ដល់ឲ្យស្ថាប័នរដ្ឋផងដែរ ដើម្បីទុកកន្លែង ដែលសិស្សនិទ្ទេសA និង B ត្រូវទទួល ឲ្យសិស្សដែលមានពិន្ទុបន្ទាប់។ លោកនិយាយថា «ក្រោយការចុះកិច្ចព្រមព្រៀង គឺក្រុមហ៊ុនស្មាត នឹងផ្ដល់ឲ្យសិស្ស ដែលជាប់បាក់ឌុបហើយ មាននិទ្ទេសA និង B ក្នុងមួយឆ្នាំ១០នាក់ និងមាន រយៈពេល៣ឆ្នាំ ឲ្យទទួលបានថ្លៃសិក្សាមួយឆ្នាំ៥០០ដុល្លារ និងប្រាក់ប្រចាំខែចំនួន២០០ដុល្លារ ហើយគាត់ ផ្ដល់ពេញ៥ឆ្នាំ ដែលស្មើនឹង១៤០០០ គឺប្រហាក់ប្រហែលនឹង១៥០០០ដុល្លារ!»។
លោកថានេះជាឱកាសម្រាប់សិស្សក្រីក្រ អ៊ីចឹងហើយទើប លោកទទូចឲ្យសិស្ស ដែលទើបប្រលងចប់ និងគិតថាខ្លួនមានពិន្ទុខ្ពស់ តាមដានកម្មវិធីសម្រាប់អាហារូបករណ៍នេះ ជាមួយក្រសួង និងក្រុមហ៊ុនស្មាត។
លោក Thomas Hundt នាយកប្រតិបត្តិ របស់ក្រុមហ៊ុនស្មាត បានអះអាងថាដើម្បី សម្រួលដល់ការលំបាក របស់ក្រសួងអប់រំ និងដើម្បីជួយ សម្រួលកង្វះខាតរបស់សិស្សក្រីក្រ ក្រមហ៊ុននឹងផ្ដល់ប្រាក់ក្នុងចំនួនរហូតដល់ ៤៣.០០០ដុល្លារ ដល់សិស្សក្រីក្រ ចំនួន៣០ឆ្នាំសម្រាប់រយៈពេល៣ឆ្នាំ។
យ៉ាងណាមិញលោកថា ក្រមហ៊ុនមិនមែនគ្រោងជួយតែ៣០នាក់ និងចំនួនត្រឹម៣ឆ្នាំនោះទេ គឺនឹងបន្តជួយច្រើនទៀត ដើម្បីរួមចំណែកជួយឲ្យ សិស្សក្រីក្រ នៅកម្ពុជា មានឱកាសបានបញ្ចប់ការសិក្សា នៅថ្នាក់មហាវិទ្យាល័យ។ លោកថានេះមិនមែន ជាលើកទី១ទេ សម្រាប់ក្រុមហ៊ុនស្មាត ដែលបានរួមចំណែក ជួយដល់វិស័យអប់រំនៅកម្ពុជា ដោយគ្រាន់តែការផ្ដល់ កញ្ចប់អាហារូបករណ៍ នៅក្នុងពេលនេះមានទ្រង់ទ្រាយធំ ជាងមុនប៉ុណ្ណោះ ៕
មតិយោបល់