ព័ត៌មានជាតិ

រថយន្តទ្រុងបើកវ៉ាម៉ូតូ១គ្រឿង រួចសល់១គ្រឿងទៀត គេចរេចង្កូតធ្លាក់ប្រឡាយទឹក

ភ្នំពេញ: រថយន្តទ្រុងដឹកទំនិញ១គ្រឿង បានធ្លាក់ចូលទៅក្នុងប្រឡាយទឹក ខណ:បើកលឿនជែងម៉ូតូ១គ្រឿងផុតបន្តិច ក៏បានវាក់ជាមួយម៉ូតូ១គ្រឿងផ្សេងទៀត ហើយអ្នកបើកបរកាច់ចង្កូតគេចចេញពីម៉ូតូ១គ្រឿងនោះ បណ្ដាលឲ្យរេចង្កូតធ្លាក់ក្បាលចូលទៅក្នុងប្រឡាយទឹកតែម្ដង ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ុន្តែពុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទ្រុងខាងលើ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-6587 ហើយនៅមុនពេលកើតហេតុ បើកបរធ្វើដំណើរដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបន្ថែមល្បឿនកាន់តែលឿន វ៉ាម៉ូតូ១គ្រឿង ដែលកំពុងបើកបរស្របគ្នានៅខាងមុខ ។

ប្រភពដដែលបាននិយាយទៀតថា បន្ទាប់ពីវ៉ាម៉ូតូខាងលើនោះផុតបន្តិច ក៏បានវាក់ជាមួយម៉ូតូ១គ្រឿងផ្សេងទៀត ហើយដោយសារតែខ្លាចបុកម៉ូតូទី២នោះ បណ្ដាលឲ្យមានគ្រោះថ្នាក់នោះ អ្នកបើកបររថយន្តបានកាច់ចង្កូតគេចចេញគេចចេញ ហើយក៏បានរេចង្កូតធ្លាក់ក្បាលជ្រមុជចូលទៅក្នុងប្រឡាយទឹក ចំតិតគូទឡើងលើតែម្ដង ។

ប្រភពខាងលើបានបញ្ជាក់ថា ខណ:នោះសំណាងខ្លាំងណាស់ ដែលពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃណាម្នាក់ឡើយ ប៉ុន្តែរថយន្តនេះបានរងការខូចខាត ហើយក្រោយពេលកើតហេតុ អ្នកបើកបរបានស្ទូចយករថយន្ត ទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕

មតិយោបល់