ភ្នំពេញៈ នាវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២១ ខែតុលាឆ្នាំ២០២២ម៉ូតូហុងដាឃ្លីក មួយគ្រឿង ជិះលឿនជ្រុលទៅបុកម៉ូតូស្កុពី មួយគ្រឿង ជិះឆ្លងកាត់ផ្លូវបែកជាបួន រួចក៏ជ្រុលទៅបុកម៉ូតូស្គុពីមួយគ្រឿងទៀត បញ្រ្ចាសទិសគ្នា បណ្តាលដួលអូសឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានមនុស្សរងរបួសធ្ងន់ ទីតាំងមុខកងរាជអាវុធហ្ថត ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ ជិះម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IL-2643 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ មានទិសដៅពីជើងទៅត្បូង ពេលមកដល់ត្រង់ចំណុចកើតហេតុ បានជិះឆ្លងកាត់ផ្លូវ១៨២ ពេលនោះស្រាប់តែមានម៉ូតូហុងដាឃ្លីក មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH-1101 ជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១៨២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូស្កុពីពេញទំហឹង បណ្តាលឲ្យម៉ូតូស្កុពីរងការខូចខាត ម្ចាស់រងរបួសស្រាល ។
ចំណែកម៉ូតូឃ្លីកបានជ្រុលទៅមុខចូលចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្កុពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2IU-8160 ជិះដោយប្តីប្រពន្ធពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ បញ្រ្ចាសទិសដៅគ្នាជាមួយម៉ូតូឃ្លីក បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ រីឯប្តីប្រពន្ធទាំងពីរនាក់រងរបួសស្រាល ម៉ូតូដួលអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងម្ចាស់រងរបួសធ្ងន់ ។
នៅក្រោយពេលកើតហេតុ រថយន្តមន្ទីរពេទ្យព្រះកុសមៈមកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
មតិយោបល់