មណ្ឌលគិរីៈ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូនិង សិស្សានុសិស្សរាប់រយគ្រួសារ នៅភូមិដាច់ស្រយាល មួយក្នុងឃុំ សុខសាន ស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងដង្ហោយហៅ សុំឲ្យសម្តេចតេជោ ហ៊ុន សែនជួយសាងសង់ ស្ពានយោលមួយកន្លែងនៅ អូរច្បារ ប្រវែង ជិត១០០ម៉ែត្រ ដោយសារនៅទីនោះ ពេលទឹកអូរឡើងខ្លាំង ពួកគាត់ត្រូវជិះក្បូនមកសាលារៀន។
ពួកគាត់ បានលើកឡើងថា ជារៀងរាល់ឆ្នាំពេលរដូវវស្សាមកដល់ទឹកអូរច្បារ ឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់ទីនេះបានទេ ពួកគាត់ត្រូវជិះ ក្បូនឫស្សី មួយផ្ទាំង ជាយានចម្លងសម្រាប់នាំពួកគាត់មកសាលារៀន។
ឃើញទិដ្ឋភាព និងសកម្មភាពសិស្សានុសិស្សពិបាកធ្វើដំណើរទៅរៀនសូត្របែបនេះ ត្រូវបានមហាជន នៅមូលដ្ឋាន បានធ្វើការរិះគន់ធ្ងន់ៗ ដល់អាជ្ញាធរ ស្រុកកោះញែកថា គ្មានចេតនា ក្នុងការរកដំណោះស្រាយជូន ប្រជាពលរដ្ឋធ្វើចរាចរណ៍ ហើយជាពិសេសក្មេងៗ សិស្ស សាលាពិបាក ក្នុងការធ្វើដំណើរមកសាលារៀនតែម្តង។
ប្រជាពលរដ្ឋ បាននិយាយថា វាជារឿងពិតណាស់នៅពេលរដូវវស្សាឈានមកដល់ក្មេងៗ សិស្សសាលាជាច្រើនភូមិ តែងតែធ្វើដំណើរ មកសាលារៀនដោយជិះក្បូន ជារៀងរាល់ឆ្នាំនៅរដូវវស្សា មិនមែនតែក្មេងៗសិស្សសាលាប៉ុណ្ណោះទេ សូម្បីតែលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរទូទៅក៏ធ្វើដំណើរឆ្លងកាត់ទីនោះមិនបានដែរ ព្រោះគ្មានស្ពានឆ្លងឡើយគឺជិះក្បូន។ ជាងនេះទៅទៀតបញ្ហាប្រឈមខ្លាំង គឺនៅពេលមានអ្នកជម្ងឺឈឺថ្កាត់ម្តងៗ ពិបាកជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យណាស់ ដោយសារតែគ្មានស្ពានសម្រាប់ឆ្លង។ រីឯក្មេងៗ សិស្សសាលាវិញ ក៏មានបញ្ហាច្រើនដែរ ពោលគឺនៅពេលទឹកជំនាន់ឡើងខ្លាំង ពួកគាត់មិនបានធ្វើដំណើរមកសាលាបានដែរ ។ ដូច្នេះបញ្ហាទាំងអស់នេះ អាចធ្វើឲ្យមានអត្រានៃការបោះបង់ចោល សាលានិងអត្រាត្រួតថ្នាក់មានកម្រិតមួយខ្ពស់ផងដែរ។
លោកគ្រូ អ្នកគ្រូ បានលើកឡើងថា ក្មេងៗសិស្សសាលាមួយចំនួន នៅម្ខាងអូរ សិស្សខ្លះត្រូវឆ្លងកាត់អូរច្បារ ទៅរៀននៅសាលាបឋមសិក្សា កែរពៅ ខ្លះត្រូវឆ្លងកាត់ទៅរៀន នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសុខសាន ពួកគេត្រូវឆ្លងអូរនេះដូចគ្នា។
លោកគ្រូ អ្នកគ្រូ នាយកសាលា ព្រមទាំងសិស្សានុសិស្សបាន ធ្វើការសំណូមពរស្នើឲ្យអាជ្ញាធរស្រុក ខេត្តមេត្តា ជួយរកដំណោះស្រាយជាបន្ទាន់ ពីបញ្ហាប្រឈមទាំងនេះផង ដើម្បីជួយសម្រួលដល់ការធ្វើ ចរាចរណ៍ដែលជា តម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងក្មេងៗ សិស្សានុសិស្ស ឲ្យបានធ្វើដំណើរ មកកាន់សាលារៀនឲ្យទាន់ពេលវេលាផង ៕
មតិយោបល់