ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាក្ដីខ្មែរក្រហម ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានវ័យប្រហែល ២០ឆ្នាំជាង ស្លៀកខោខៅប៊យអាវយឺតខ្មៅដៃខ្លីសម្បរខ្មៅស្រអែម កម្ពស់ប្រហែល ១-៦០សង់ទីម៉ែត្រ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-6786 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូនិចមិនមានផ្លាកលេខធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនខាងលើខ្ទាតចូលក្រោមរថយន្តកិនស្លាប់មួយរំពេចភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់នោះបានបើកបន្ថែមល្បឿនទៅមុខ បម្រុងរត់គេចអូសជាប់ម៉ូតូនៅមុខរថយន្តប្រមាណ ១០០ម៉ែត្រ បានឈប់រថយន្តបើកទ្វារត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញស្នងការរាជធានីភ្នំពេញ មកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសពរងគ្រោះសមត្ថកិច្ចទាក់ទងរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់