ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សស្រី ៣នាក់ និងដកហូតថ្នាំញៀន ៧០កញ្ចប់តូចធំ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានសហការជាមួយប៉ុស្តិ៍នគរបាលទួលសង្កែ បានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ហើយបានឃាត់ខ្លួនមនុស្សស្រី ៣នាក់ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ អ៊ួង ចាន់ណា ហៅស្រីខួច ភេទស្រី អាយុ ៣៣ឆ្នាំ, ទី២-ឈ្មោះ លី ដាលីន ភេទស្រី អាយុ ២២ឆ្នាំ និងទី៣-ឈ្មោះ ទង បូរមី ភេទស្រី អាយុ ២៣ឆ្នាំ បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានមុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺដោយសារតែសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ួង ចាន់នី ដែលកម្លាំងសមត្ថកិច្ចយើងបង្ក្រាបកាលពីថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដោយបានធ្វើការដកហូតបានថ្នាំញៀន ៣៤២កញ្ចប់ ហើយរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវបន្តទៀត។

លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ទើបកម្លាំងសមត្ថកិច្ចយើងឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀននេះតែម្តង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៧០កញ្ចប់ ដោយក្នុង ៦៩កញ្ចប់តូច និង ១កញ្ចប់ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕


ទស្សនាវីដេអូ៖
//www.youtube.com/watch?v=mVfEXd6e2WA&feature=youtu.be

មតិយោបល់