ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា៖ មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលខ កំពង់ស្ពឺ 1N-8893 បើកបរដោយឈ្មោះ ជៀន សិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ស្រែត្រោក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ជិះម្នាក់ឯងគ្មានមួកសុវត្ថិភាព) បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូ០១គ្រឿងម៉ាក HONDA គុបមូល ពណ៌ ស្លែ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម លីម ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិក្រត្រោក ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ជិះម្នាក់ឯងគ្មានមួកសុវត្តិភាព) បើកបរស្របទិសគ្នា ។

ករណីនេះបណ្តាលឲ្យឈ្មោះ ជៀន សិត ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ លឹម លីម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ២៤ម៉ោងផ្សារស្លាបលែង ។

ចំពោះសាកសព បានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំងពីរខាងលើ ផ្នែកជំនាញបានយកទុកនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់