ភ្នំពេញៈ នាវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តតាកូមាមួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿងរងរបួសធ្ងន់បុរស២នាក់ រួចបន្ថែមល្បឿនទៅមុខ បុកខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ចំណុចស្តុបឫស្សីផ្អែម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ មានអ្នករួមដំណើរជាមួយបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក ស្ទេប ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-1880 ជិះឌុបគ្នា០២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតាកូមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8957 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលបុរស២នាក់ ។ រថយន្តបង្កហេតុ បានបន្ថែមល្បឿនទៅមុខ ដើម្បីរត់គេចខ្លួន រហូតទៅដល់ផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចស្តុបឫស្សីផ្អែម សង្កាត់ព្រៃស បានជ្រុលចង្កូតឡើងខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ។
នៅក្រោយពេលកើតហេតុភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក បានចុះមកអន្តរាគមន៍ និងបានធ្វើការឃាត់ម្ចាស់រថយន្តយកទៅសួរនាំ ទៅតមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕
មតិយោបល់