ព័ត៌មានជាតិ

ចាប់​ឆ្កែ​ធ្វើ​ស៊ី ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច ចងក​សម្លាប់ខ្លួន​​​​

​កណ្តាល ៖​យុវជន​ចិត្ត​ភ្លើង​ខឹង​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​រឿង​ចាប់​ឆ្កែ​យក​ធ្វើ​ស៊ី រត់​ចងក​សម្លាប់ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៤ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ ជនរងគ្រោះ​ឈ្មោះ ជុំ ពន្លក ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ខ្សែ​នីឡុង​ចងក ទៅ​នឹង​ដើម​គគីរ​ខាងក្រោយ​ផ្ទះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ក្រុម​គ្រួសារ​ចុះ​ទៅ​បត់​ជើងដៃ ប្រទះ​ឃើញ​ក៏​មាន​ការភ្ញាក់ផ្អើល​ឡើង​តែ​ម្តង ។

​ទង្វើ​បុរស​រូប​នេះ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ម្តាយ​បង្កើត​មាន​វិប្បសារី ដោយ​នឹកស្មាន​មិន​ដល់​គ្រាន់​តែ​រឿង​ស្តីបន្ទោស​បន្តិចបន្តួច គិត​ខ្លី​ចងក​សម្លាប់ខ្លួន ។ ម្តាយ​ជនរងគ្រោះ​ឈ្មោះ ជុំ ចេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ បាន​រៀបរាប់​ថា នៅ​មុន​ថ្ងៃ​កើតហេតុ​កូនប្រុស​របស់​គាត់​បាន​ចាប់​សត្វ​ឆ្កែ​យក​ទៅ​ធ្វើ​ស៊ី​ជាមួយ​មិត្តភក្តិ​របស់​គេ ក្នុង​ពេលនោះ​គាត់​ជា​ម្តាយ​បាន​ស្តីបន្ទោស​ស្រាប់តែ​កូន​របស់​គាត់​អត់​ចូល​ផ្ទះ​រយះពេល​២-៣​ថ្ងៃ​ដោយ​នឹកស្មានថា​កូន​របស់​គាត់​នៅ​ដើរលេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់​គេ ក្នុងភូមិ ។​

​ស្រាប់តែ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ក៏​ប្រទះ​ឃើញ​កូន​គាត់​ចង​ក​សម្លាប​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​មិន​ដឹង​ពី​ពេល​ណា​នោះទេ​។ សាក្សី​កន្លែងកើតហេតុ​បានឲ្យដឹងថា យុវជន​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​នៅ​ក្នុង​ភូមិ ។ មានន័យ​ថា​ជនរងគ្រោះ​រូប​នេះ​ចងក​សម្លាប់ខ្លួន​នៅពេល​យប់​ម៉ិញ​នេះឯង ។ ទាក់ទិន​នៃ​ការស្លាប់​នេះ​សមត្ថកិច្ច​ជំនាញ​បចេ្ចកទេស​កោសល្យវិច័​យ​ស្រុក​កៀនស្វាយ​បាន​ចុះ​ទៅ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សព បញ្ជាក់ថា​យុវជន​រូប​នេះ​គឺ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន ។ ក្រោយពី​បាន​ពិនិត្យ​សព​រួច​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​ខ្មែរ ៕​
Rip

មតិយោបល់