ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ(ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា នៅចំណុចផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ៣នាក់ ៖
១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ វៀតណាម។
២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិឡាវ។
៣-ឈ្មោះ លឹម កុយ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន៖ មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូក្រាម)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

មតិយោបល់